ដោយសារតែពាក្យរវល់ តើអ្នកបានទុកខ្ញុំចោលប៉ុន្មានដងហើយ?
កាលស្រលាញ់បងដំបូង ខ្ញុំស្មានថាបានរកឃើញសុភមង្គលនៃជីវិតទៅហើយ តែការពិតគឺកប់ខ្លួនឯងនៅក្នុងរណ្ដៅនៃភាពឯកាទៅវិញ។
សុភមង្គលនៅលើលោកនេះគឺស្ដួចស្ដើងដូចជាល្អងធូលីអីចឹង គឺអាចបាត់បង់គ្រប់ពេល។ ពេលស្រលាញ់បង ខ្ញុំក៏បានរំពឹងទទួលបានសុភមង្គលដូចស្រីៗដទៃទៀតដែរ។ ធ្លាប់គិតយ៉ាងសាមញ្ញថាបើប្រគល់ជូនបងអ្វីគ្រប់យ៉ាងនឹងលែងឯកាដូចមុន។ ធ្លាប់គិតថាពួកយើងផ្សាភ្ជាប់គ្នាជារៀងរហូត។ ក្រោយមកទើបខ្ញុំដឹងថា ស្រលាញ់បងគឺជាអំឡុងពេលវេលាដែលខ្ញុំឯកាបំផុត។
ប្រហែលជាបងមិនដឹងថាទេថាខ្ញុំធ្លាប់ចាំបងទាំងអស់សង្ឃឹមអស់ប៉ុន្មានដងហើយ។ ជាច្រើនលើកច្រើនសារ ដោយសារតែពាក្យ "រវល់" បងបានទុកខ្ញុំចោលកណ្ដាលហ្វូងមនុស្សអ៊ូអរ។ ហើយបងក៏ប្រហែលជាមិនដឹងទេថាខ្ញុំឱបក្បាលជង្គង់ប៉ុន្មានដងនៅរាល់យប់ដែរ។ សមអត់បង បើគ្រាន់តែខ្ញុំជាមនុស្សស្រីទន់ខ្សោយម្នាក់ ស្រលាញ់បងអស់ពីចិត្តនោះ។ តើវាត្រឹមត្រូវឬអត់ នៅពេលដែលខ្ញុំកំពុងតែវង្វេងក្នុងភាពឯកានេះ បងកាន់តែធ្វើហី។
ពេលខ្លះខ្ញុំសួរខ្លួនឯងថា តើវាពិតឬអត់ ពាក្យដែលហៅថា "ស្នេហា" រវាងពួកយើង២នាក់ នៅពេលដែលខ្ញុំស្រលាញ់បង តែបងស្រលាញ់តែខ្លួនឯង។ កាន់តែស្រលាញ់បង ខ្ញុំឃើញថាខ្លួនឯងរឹតតែកណ្ដោចកណ្ដែង។ កណ្ដោចកណ្ដែងដល់ថ្នាក់គួរឲ្យអាណិត។ ខ្ញុំជូនទឹកភ្នែក ហើយប្រាប់ថានឹងព្យាបាលមុខរបួសនេះដោយខ្លួនឯង។
បញ្ឈប់ត្រឹមហ្នឹងហើយបង មិនមែនដោយសារតែខ្ញុំអស់ស្រលាញ់ រឹតតែមិនមែនដោយសារខ្ញុំខឹង។ បញ្ឈប់ដើម្បីដោះលែងគ្នាឲ្យទៅពិភពរៀងគ្នាដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាតាំងពីដំបូង។ ស្ដាយបង គឺខ្ញុំស្ដាយខ្លាំងណាស់ តែខ្ញុំនឹងស្ដាយជាងនេះទៅទៀតបើសិនជាខ្ញុំឃុំខ្លួនឯងនៅក្នុងភាពឯកាដែលគ្មានថ្ងៃអាចចេញបាននេះ៕
ប្រភព៖ Kanha


No comments