ហេតុផលដែលស្រីៗមិនគួរបង្ហាញទំនាក់ទំនងខ្លួនពេលនៅជាសង្សារនៅឡើយ
ស្នេហាគឺជាអារម្មណ៍ធម្មជាតិមួយដែលមនុស្សគ្រប់គ្នាមិនអាចជៀសផុត មិនថាមនុស្សប្រុស ឬក៏មនុស្សស្រី។ ជាពិសេសយើងឃើញថាមានមនុស្សស្រីខ្លះចូលចិត្តបង្អួតទំនាក់ទំនងរបស់ខ្លួនឲ្យគេបានដឹង ហើយក៏មានខ្លះទៀតក៏មិនបង្ហាញដែរ។
តើការបង្អួត ឬបង្ហាញទំនាក់ទំនងមានផលអវិជ្ជមានអ្វីខ្លះ? ខាងក្រោមនេះគឺជាហេតុផលដែលនារីក្រុមគិតថាមិនគួរបង្ហាញពីស្នេហាខ្លួនទៅសាធារណៈទេក្នុងអំឡុងពេលនៅជាសង្សារ៖
1. មានពាក្យចចាមអារ៉ាម៖ ក្នុងសង្គមខ្មែរមនុស្សស្រីគឺឆាប់រងគ្រោះបំផុតបើសិនជាមានរឿងអ្វីមិនល្អនោះ ជាពិសេសបើសិនជាជាប់ពាក់ព័ន្ធទៅនឹងបុរសណាម្នាក់ ប្រាកដជាមានពាក្យថាអ្នកបែបនេះ អ្នកបែបនោះមិនខាន ព្រោះអ្នកមិនទាន់ក្លាយជាគូដណ្ដឹង ឬប្ដីប្រពន្ធឡើយ។ «ខ្ញុំគិតថាវាល្អម្យ៉ាងដែរបើសិនយើងជាស្រីចេះរក្សារឿងស្នេហាខ្លួនឯងកុំឲ្យគេដឹង ព្រោះកុំឲ្យមានពាក្យមិនល្អនិយាយពីយើង»។ ទស្សនៈ កញ្ញា នារីរ័ត្ន និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
2. ប៉ះពាល់ទៅនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ៖ យើងឃើញថាទំនៀមទម្លាប់ប្រពៃណីខ្មែរក៏មិនគាំទ្រឲ្យមនុស្សស្រីមានទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្សប្រុសមុនពេលរៀបការដែរ។ មនុស្សស្រីគួរតែថែរក្សាខ្លួនឲ្យស្អាតស្អំកុំឲ្យជំពាក់ជំពិនជាមួយបុរសណាបើសិនជាចាស់ទុំ ឪពុកម្ដាយមិនទាន់ទទួលស្គាល់។ «ខ្មែរយើងប្រកាន់ណាស់នូវរឿងប្រុសស្រីហ្នឹង បើចាស់ៗឃើញយើងស្និទ្ធស្នាលជាមួយមនុស្សប្រុសវិញ ដឹងតែថាយើងហ្នឹងស្រីអត់សូវល្អឥលូវហើយ។» ម៉ាលី មន្រ្តីរាជការនិយាយ។
3. ប៉ះពាល់ដល់កិត្តិយស៖ មនុស្សយើងមើលមិនឃើញទេ បើល្អជាមួយគ្នារហូតមិនអីទេ តែបើឈ្លោះគ្នា ឬក៏បែកបាក់វិញនោះគឺពិតជាខ្មាសគេមិនខាន។ ហើយទៅថ្ងៃក្រោយវាក៏មិនបានផ្ដល់ផលចំណេញដែរ ក្រៅពីធ្វើឲ្យអ្នកមានមន្ទិលតែប៉ុណ្ណោះ។ ណាមួយដើម្បីកុំឲ្យគេថាអ្នកជ្រួលជ្រើមតែរឿងស្នេហា អ្នកគួរតែលាក់បាំងខ្លះ។ «មនុស្សយើងមើលមិនឃើញទេ បើល្អជាមួយគ្នារហូតមិនជាបញ្ហាទេ តែបើឈ្លោះគ្នា ឬក៏បែកគ្នាវិញគឺពិតជាខ្មាសគេណាស់»។ សម្តី សក្កណា និស្សិតឆ្នាំទី៤។
4. មានភាពទើសទាល់ក្នុងការទាក់ទងជាមួយអ្នកដទៃ៖ ពេលខ្លះដោយសារតែឃើញយើងមានសង្សារ បុរសមួយចំនួនទៀតមិនហ៊ានរាប់អានយើងនោះទេ ព្រោះខ្លាចសង្សារយើងយល់ច្រឡំ ដូច្នេះវាអាចនឹងមានភាពទើសទាល់បន្តិចក្នុងការរាប់អានមនុស្សប្រុសដទៃទៀត។ « ខ្ញុំចូលចិត្តរាប់អានមនុស្ស អីចឹងកុំឲ្យគេមានភាពទើសទាល់ជាមួយយើង យើងគួរតែលាក់ខ្លះ។» ទស្សនៈកញ្ញា នីតា បុគ្គលិកក្រុមហ៊ុន។
5. ធ្វើឲ្យអ្នកមានចំណុចខ្សោយ៖ បើអាចអ្នកគួរតែលាក់ព័ត៌មានផ្ទាល់ខ្លួនខ្លះទៅ ព្រោះបើសិនជាថ្ងៃក្រោយមានរឿងអ្វីអាក្រក់នោះ អ្នកអាចមានចំណុចខ្សោយ ហើយបើសិនជាគេចង់ធ្វើបាបអ្នកនោះអ្នកនឹងមានផលលំបាកជាមិនខាន។ «បើយើងល្អថ្ងៃក្រោយមានរឿងអីក៏គេធ្វើអីយើងអត់កើតដែរ តែបើយើងមានវិញគេហ្នឹងលើកកកាយមកមិនខាន»។ មតិបងស្រី គីមម៉ីមាន អ្នកលក់សម្លៀកបំពាក់។
6. លាក់បាំងពីឪពុកម្ដាយ៖ បើម៉ាក់ប៉ាអ្នកជាមនុស្សដែលកាច និងមិនចូលចិត្តឲ្យអ្នកមានសង្សារនោះ ការលាក់បាំងគឺជាវិធីដ៏ល្អបំផុត ដើម្បីការពារទំនាក់ទំនងរបស់អ្នក រហូតដល់ថ្ងៃណាដែលអាចប្រាប់បានសឹមឲ្យគាត់ដឹង។ មួយទៀតប៉ាខ្ញុំគាត់តឹងតែងខ្លាំងក្នុងរឿងហ្នឹង ដូច្នេះវាល្អបំផុតសម្រាប់ខ្ញុំក្នុងការបិទបាំងវា។ សម្តី ម៉ាលី និស្សិតឆ្នាំទី៣។
ចុះប្រិយមិត្តស្រីៗយើងផ្សេងទៀតយល់យ៉ាងណាដែរ ស្រីៗគួរតែបិទបាំងសម្ព័ន្ធភាពស្នេហាខ្លួនខ្លះទៅឬយ៉ាងណា?
ប្រភព៖ Kanha
No comments