“កូនម៉ាក់មានសង្សារនៅ?” ដំបូន្មានអ្នកម្ដាយប្រាប់កូនស្រីមុនមានស្នេហា
ពេលនេះកូនស្រីខ្ញុំរៀនដល់ថ្នាក់ទី១២ហើយ
ថ្ងៃមួយខ្ញុំសួរកូនស្រីថា ធ្លាប់បានទទួលសំបុត្រស្នេហាពីអ្នកណាឬនៅ? កូនខ្ញុំស្ងៀមមួយស្របក់ ហើយក៏គ្រវីក្បាល។ ខ្ញុំធ្វើជាភ្ញាក់ផ្អើល ហើយសួរត្រលប់ទៅនាងវិញថា៖
“កូនស្រីម៉ាក់គួរឲ្យស្រឡាញ់យ៉ាងនេះ អត់មានអ្នកណាមកញ៉ែទេហ្អ?”
មិនដឹងថាកូនមិនហ៊ាននិយាយរឿងវាប្រាប់ខ្ញុំ ឬគ្មានអ្នកញ៉ែពិតមែន។
“ម៉ាក់ បើមានអ្នកណាមកញ៉ែកូនមែន កូនគួរធ្វើម៉េចទៅ?”
ខ្ញុំឆ្លើយប្រាប់កូនថា
“ខទី១ មានន័យថាកូនស្រីម៉ាក់ធំពេញក្រមុំហើយ ទើបចាប់ផ្ដើមមានមនុស្សប្រុស មកចាប់ចិត្តចាប់អារម្មណ៍បែបនេះ។ វាក៏ជារឿងល្អដែរណា”
“ខទី២ កូនត្រូវពិចារណាខ្លួនឯងមើលថា ព្រោះហេតុអ្វី បានជាគេមកញ៉ែកូន? ព្រោះកូនជាមនុស្សល្អ? រៀនពូកែ? ចរិតល្អ? រូបរាងស្អាត? ស្ដាប់ម៉ាក់ណា បើដោយសារកូនជាមនុស្សល្អ កូនត្រូវរក្សាអំពើល្អនេះទុក មានក្ដីសុខក្នុងការជួយយកអាសាអ្នកដទៃ។
បើកូនរៀនពូកែ ក៏សូមឲ្យរក្សាកេរ្តិ៍ឈ្មោះនេះឲ្យល្អ ឬខំរៀនឲ្យកាន់តែចេះឡើងៗ។
បើកូនមានបុគ្គលិកលក្ខណៈល្អ កូនត្រូវបន្ថែមចំណុចល្អនេះឲ្យចេញមកតាមធម្មជាតិ មិនមែនធ្វើតែមុខអ្នកដទៃ។
បើកូនចរិតល្អ កូនត្រូវរក្សាចរិតនេះទុក កុំយកតែចិត្តខ្លួនឯងដូចជាក្មេងមិនព្រមដឹងក្ដី បន្តិចខឹង បន្តិចងរ។
បើកូនមានសម្រស់ស្អាត សូមកូនរក្សាសម្រស់នេះឲ្យបានល្អ ធ្វើខ្លួនឲ្យមានរបៀបរៀបរយ កុំឲ្យដូចកាលកូននៅក្មេង ញ៉ាំបណ្ដើរធ្វើការងារផ្ទះបណ្ដើរ យកប៊ិចគូសខោអាវខ្លួនឯងប្រឡាក់ខ្ទេចអស់។
ក្រៅពីនេះ កូនត្រូវរៀនធ្វើការងារផ្ទះឲ្យចេះ រៀនធ្វើម្ហូបឲ្យបានឆ្ងាញ់យ៉ាងហោចពីរបីមុខ។”
ពេលកូនស្រីបានឮដូច្នេះ ក៏អៀនឡើងមុខក្រហម។
“ម៉ាក់អើយ កូនគ្មានចំណុចល្អអីដូចម៉ាក់និយាយសូម្បីតែមួយ”
ខ្ញុំញញឹមពេលឃើញ អាកប្បកិរិយារបស់កូនស្រី
“ការពិតទៅ ការមានអ្វីដែលម៉ាក់និយាយនេះមិនមែនជារឿងលំបាកទេ ព្រោះគុណសម្បត្តិទាំងអស់នេះ បើកូនមានទាំងព្រម ទោះបីគ្មានអ្នកណាមកញ៉ែ ក៏កូនម៉ាក់មើលទៅលេចធ្លោក្នុងសង្គមបាន។
“ខទី៣ ទោះបីកូនស្រឡាញ់មនុស្សប្រុសម្នាក់នោះប៉ុណ្ណា កូនក៏មិនត្រូវបញ្ចេញមកក្រៅខ្លាំងពេក កូនត្រូវចេះសង្កេតមើលការប្រែប្រួលរបស់គេ។ ស្នេហាក្នុងវ័យរៀនអាចមិនមែនស្នេហាពិតទេ ថ្ងៃនេះគេនិយាយថាចូលចិត្តកូន ស្អែកឡើងគេនិយាយថាស្រឡាញ់កូន ខានស្អែកគេអាចលែងស្រឡាញ់កូន នោះជារឿងធម្មតា។ ដូច្នេះនៅពេលនិយាយចែចង់គ្នា កូនកុំមើលឃើញថាវាជារឿងមែនទែនគ្រប់យ៉ាង។ ចាប់ពីថ្ងៃនេះទៅ កូនត្រូវធ្វើខ្លួនឲ្យធម្មតាដូចដើម ធ្វើដូចគ្មានអ្វីកើតឡើង ពុំដូច្នោះទេគេអាចនឹងយល់ច្រឡំមកលើកូនក៏ថាបាន។
“ខទី៤ បើមានអ្នកណាមកញ៉ែកូនពិតមែន កូនគួរតែរកឱកាសនិយាយប្រាប់គេ ថាកូនមិនទាន់គិតអ្វីច្រើនទេ ចំពោះរឿងស្នេហាក្នុងវ័យសិក្សា។ កូនត្រូវប្រាប់គេថាក្រៅពីរៀន កូននៅមិនទាន់ឃើញអ្វីដែលសំខាន់ជាងនេះទេ ព្រោះនៅពេលចូលរៀនមហាវិទ្យាល័យ កូននិងគេនៅមានឱកាសច្រើនទៀតជាមួយរឿងស្នេហា។ កូនកុំដុតព្រៃទាំងមូលដោយសារសំបុកឃ្មុំតែមួយឲ្យសោះ។”
“ខទី៥ អ្នកដែលសរសេរសំបុត្រស្នេហាឲ្យកូន មិនទាន់ចាត់ទុកថាស្រឡាញ់កូនម៉ាក់មែនទែនទេ គេគ្រាន់តែមានអារម្មណ៍ថាពេញចិត្តកូនប៉ុណ្ណោះ។ ក្ដីស្រឡាញ់ពិតប្រាកដគឺត្រូវមានភារៈជាប់មកជាមួយ។ ពេលនេះគេមិនទាន់ទទួលខុសត្រូវខ្លួនឯងបាននៅឡើយ គេត្រូវសុំលុយឪពុកម្ដាយមករៀនដូច្នេះ តើគេអាចមកទទួលខុសត្រូវជីវិតកូនស្រីម៉ាក់យ៉ាងម៉េច? មនុស្សប្រុសដែលទទួលខុសត្រូវមនុស្សស្រីមិនបាន ទោះបីសង្ហាប៉ុណ្ណា ក៏កូនស្រីមិនគួររំពឹងផ្ញើខ្លួនផ្ញើប្រាណ។”
“និយាយសរុប ម៉ាក់សុំឲ្យកូនរក្សាចំណុចល្អៗដែលកូនកំពុងមាននេះឲ្យបានល្អ និងកែលម្អវាឲ្យកាន់តែល្អឡើងៗ នោះទៅថ្ងៃមុខនឹងមានមនុស្សប្រុសច្រើនទៀតតាមស្រឡាញ់កូនម៉ាក់។ នៅពេលថ្ងៃនោះមកដល់ កូនត្រូវជ្រើសរើសឲ្យបានល្អ។ ប្រុសម្នាក់នោះត្រូវជាមនុស្សល្អ ក្លាហាន រឹងមាំ ចេះទទួលខុសត្រូវ ជាមនុស្សមានជោគជ័យក្នុងជីវិត។ ជ្រើសរើសអ្នកណាដែលអាចការពារកូនស្រីរបស់ម៉ាក់បានមួយជីវិត។”
ពេលកូនស្រីបានស្ដាប់ចប់ កូនស្រីក៏និយាយបែបម្ញ៉ិកម្ញ៉ក់ថា
“ម៉ាក់មិនចាំបាច់បារម្ភទេ បើថ្ងៃមួយកូនត្រូវរើសប្ដី កូននឹងរើសប្ដីណាពូកែជាងប្ដីម៉ាក់ទៅទៀតនោះ”
“ចាស អីចឹងម៉ាក់នឹងចាំមើល ថាប្ដីកូន និងប្ដីម៉ាក់ ប្ដីអ្នកណាល្អជាង”។
“ហាហាហា” ម៉ាក់និងកូនសើចព្រមគ្នា ៕
ប្រភព៖ Kanha
No comments