Camnews Na

Camnews Na

តើអចលនទ្រព្យប្រភេទណាខ្លះ ត្រូវបង់ពន្ធ និងមិនបង់ពន្ធ?


នៅកម្ពុជាបានចាប់ផ្តើមអនុវត្តន៍ការប្រមូលពន្ធចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយរាល់អចលនទ្រព្យដែលត្រូវបង់ពន្ធគឺសំដៅទៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ។ ហើយជាគោលការណ៍ទូទៅនៃការប្រមូលប្រពន្ធលើអចលនទ្រព្យនេះ គឺវាមានវិសាលភាពទូទាំងប្រទេសកម្ពុជាតែម្តង។​ ក៏ប៉ុន្តែដោយសារតែប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះហើយការប្រមូលពន្ធទៅលើអចលនទ្រព្យនេះមិនត្រូវបានអនុវត្តន៍នៅទូទាំងប្រទេសនៅឡើយនោះទេ។
ដោយឡែកប្រភេទអចលនទ្រព្យដែលមិនត្រូវបានជាប់ពន្ធ គឺសំដៅទៅដល់អចលនទ្រព្យទាំងអស់ដែលមានតម្លៃសរុបមិនលើសពី ១០០លានរៀល។ ហើយក្រៅពីនោះប្រភេទអចលនទ្រព្យដែលមិនស្ថិតនៅក្នុងរាជធានីភ្នំ់ពេញ និងក្នុងក្រុងធំៗតាមទីរួមខេត្តនីមួយ គឺសុទ្ធតែមិនទាន់បានជាប់ពន្ធនៅឡើយទេ។ ដូចគ្នានេះដែរដូចជា ប្រភេទដីស្រែចំការ ដីកសិកម្ម ដីកសិដ្ឋាន អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋ អចលនទ្រព្យរបស់ស្ថានទូតបរទេស អចលនទ្រព្យរបស់អង្គការអន្តរជាតិដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលជាដើម គឺច្បាប់បានលើកលែងដោយមិនមានការជាប់បង់ពន្ធនោះទេ។
ដោយក្រៅតែពីការរៀបរាប់ខាលើ ដូចជា អចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ និង តាមបណ្តាក្រុងនៃខេត្តទាំងអស់ ហើយដែលមានតម្លៃសរុបលើសពី១០០លានរៀលទៅគឺសុទ្ធតែត្រូវបង់ពន្ធជូនរដ្ឋទាំអស់។


ហើយចំពោះអចលនទ្រព្យដែលជាប់ពន្ធគឺត្រូវធ្វើការបង់ពន្ធជារៀងរាល់ឆ្នាំដោយមិនឱ្យលើសពី ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំបង់ពន្ធនោះឡើយ។ ហើយដោយផ្អែកលើការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១ ការបង់ពន្ធនោះគឺយកតែ៨០%នៃតម្លៃសរុបរបស់អចលនទ្រនោះតែប៉ុណ្ណោះមកគិត។
ហើយបន្ទាប់មកគឺយក៨០%នៃតម្លៃអចលនទ្រព្យនោះដក១០០លានរៀលចេញហើយយកទៅគុណនឹងអត្រាពន្ធ ០.១% ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថាតម្លៃអចលនទ្រព្យគឺត្រូវបានគិតទៅតាមតម្លៃទីផ្សារ ដែលកំណត់ដោយគណកម្មាការវាយតម្លៃអចលនទ្រព្យដែលបង្កើតដោយប្រកាស រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


ប្រភព៖ Bizkhmer