Camnews Na

Camnews Na

អត្ថបទអប់រំទូរស័ព្ទ និងមនុស្សក្បែរខ្លួន





តើមានមនុស្សប៉ុន្មាននាក់ដែលភ្ញាក់មកហើយស្រវាដៃរកទូរស័ព្ទ? ហើយមានមនុស្សប៉ុន្មាននាក់ដែលមើលទូរស័ព្ទរហូតដល់គេងលក់? ពេលខ្លះក៏ភ្លេចទាំង Offline ទៀត មែនអត់? មែន! ខ្ញុំដឹងថាវាសំខាន់ តែទោះសំខាន់បែបណា ក៏វាគ្រាន់តែជារបស់ដែលគ្មានដង្ហើម គ្មានវិញ្ញាណ គ្មានអារម្មណ៍ វាប្រាកដជាខុសពីមនុស្សយើង មែនទេ? ធ្លាប់យល់អារម្មណ៍មួយដែលមនុស្សពីរនាក់អង្គុយជាមួយគ្នាតែបែរជាមិននិយាយរកគ្នាទេ? ជំនួសឲ្យការនិយាយគ្នាដោយផ្ទាល់ យើងបែរជាចំណាយពេលអង្គុយឆាតទៅរកគ្នា ឬខលទៅរកគ្នា។ យល់អារម្មណ៍ដែលពេលយើងឈឺ គេមិនស្ទាបក្បាលយើងថាក្ដៅឬត្រជាក់ តែបែរជាដេកចុចទូរស័ព្ទធ្វើមិនដឹងដែរទេ? យូរៗទៅ មនុស្សយើងញញឹមដាក់ទូរស័ព្ទ តែមិនអាចញញឹមដាក់មនុស្សនៅជុំវិញខ្លួនបាន។
មែនហើយ! មនុស្សភាគច្រើនហាក់ផ្ដល់តម្លៃចំពោះទូរស័ព្ទច្រើនជាងមនុស្សដែលនៅជុំវិញខ្លួនទៅទៀត នៅខណៈដែលទូរស័ព្ទវាគ្រាន់តែជារបស់ទិញបានដោយលុយសោះហ្នឹង។ មិនថានៅកន្លែងការងារ ឬនៅផ្ទះ យើងច្រើនតែប្រើសារ ឆាត ដើម្បីដឹងពីអ្វីដែលយើងចង់ដឹង ជាជាងការខលទៅដោយផ្ទាល់ ឬស្រែកសួរដោយផ្ទាល់។ ពេលខ្លះមានអារម្មណ៍ថា វិទ្យាសាស្ត្របានជួយយើងក្នុងការទាញស្រូបទំនាក់ទំនងនៅឆ្ងាយឲ្យក្លាយជាជិត តែបែរជាបំបែកទំនាក់ទំនងជិតស្និទ្ធឲ្យទៅជាសោះកក្រោះទៅវិញ។ ពេលខ្លះខ្ញុំក៏យល់ថា យើងនិយាយរឿងប្រាប់ពិភពលោកនេះបានដឹង ជាងការនិយាយជាមួយខ្លួនឯង និងមនុស្សដែលនៅក្បែរយើង។ អ្នកខ្លះយល់ថាខ្លួនឯងឯកា នៅខណៈដែលមនុស្សជាច្រើនសប្បាយរីករាយជាមួយមនុស្សជាទីស្រលាញ់របស់គេ។ មនុស្សមួយចំនួនអង្គុយឆែកទូរស័ព្ទមើលពីរឿងរបស់គេ ច្រើនជាងការស្វែងយល់ពីខ្លួនឯង ហើយពេលខ្លះក៏យករឿងគេមកគិត និងប្រៀបធៀបជាមួយខ្លួនឯង រហូតដល់កើតអារម្មណ៍មិនសប្បាយចិត្ត អន់ចិត្ត និងឯកាជាដើម។
ទោះវិទ្យាសាស្ត្ររីកចម្រើនកម្រិតណាក៏ដោយ ក៏យើងនៅតែត្រូវការភាពកក់ក្ដៅដែលផ្ដល់ដោយមនុស្សនៅជុំវិញយើងជានិច្ច។ ស្នាមញញឹម ភាពកក់ក្ដៅ ការគោរព ការផ្ដល់តម្លៃ ការយកចិត្តទុកដាក់ សេចក្ដីស្រលាញ់ ការចែករំលែក ការការពារ ទាំងនោះហើយជាអ្វីដែលយើងត្រូវការពិតប្រាកដ ហើយមានតែមនុស្សដែលនៅជុំវិញយើងទេ ដែលតែងតែផ្ដល់មកឲ្យយើង។ បើគេមិនទាន់ធ្វើបាន យើងសាកផ្ដើមធ្វើដោយខ្លួនឯងទៅ៕

ប្រភព៖ កំណប់អត្ថបទ

No comments