រឿងទាំង ៥ យ៉ាង ហាមធ្វើចំពោះមិត្តភក្ដិដាច់ខាត បើមិនចង់បែកបាក់សាមគ្គី
ទម្រាំបានក្លាយជាមិត្ដភក្ដិជិតស្និទ្ធវាមិនមែនជារឿងអាចធ្វើបានចំពោះមនុស្សគ្រប់គ្នាទេ វាត្រូវការប្រើពេលវេលា និងទំនុកចិត្ដគ្រប់គ្រាន់ទើបអាចក្លាយជាមិត្ដភក្ដិដ៏ល្អ ហេតុនេះនៅពេលបានក្លាយជាមិត្ដភក្ដិដ៏ល្អហើយ យើងក៏ចាំបាច់ត្រូវចេះថែរក្សាចំណងនេះអោយបានស្ថិតស្ថេរ ។
នេះជាការប្រព្រឹត្ដទាំង ៥យ៉ាង ដែលលោកអ្នកគួរចៀសវាងធ្វើចំពោះមិត្ដភក្ដិ ៖
១-ខ្ចីលុយខ្ចីកាក់៖ បញ្ហានេះគេតែងជួបប្រទះច្រើនណាស់ដែលមិត្ដភក្ដិចូលចិត្ដខ្ចីប្រាក់កាក់គ្នាទៅវិញទៅមក។ ទោះបីយ៉ាងណា បញ្ហាប្រាក់កាក់នេះក៏មានច្រើនរាប់មិនអស់ដែរដែលបណ្ដាលអោយមិត្ដភក្ដិទាស់ទែងគ្នា ហើយបានកាត់ផ្ដាច់មិត្ដភាពដោយសារជម្លោះពីរឿងនេះ។ រាប់អានគ្នា ១០ ឆ្នាំ ប៉ុន្ដែមកកើតជម្លោះព្រោះប្រាក់កាក់តែប៉ុន្មានរៀលប៉ុណ្ណោះ។ ហេតុនេះបើគ្មានការចាំបាច់ទេ មិនត្រូវខ្ចីប្រាក់កាក់គ្នាដាច់ខាត ហើយបើដឹងថាគ្មានប្រាក់កាក់សងក៏មិនត្រូវខ្ចីដែរ។
២-បើកកាយរឿងរ៉ាវអាថ៌កំបាំងរបស់មិត្ដភក្ដិ៖ រឿងអាថ៌កំបាំងរបស់មិត្ដភក្ដិក៏ដូចជារឿងអាថ៌កំបាំងរបស់យើងដែរ ហេតុនេះត្រូវលាក់អោយជិត ព្រោះបើមិត្ដបានដឹងហើយគេក៏ជឿជាក់ថា អ្នកមិនល្អជាមួយគេសោះឡើយ។ ត្រូវចងចាំថា បើរឿងនេះត្រូវលាតត្រដាងកាលណា ហើយគេដឹងថាជាថ្វីដៃរបស់អ្នកទៀត សាកល្បងគិតមើលថាគេនឹងអាចបន្ដរាប់អានអ្នកជាមិត្ដភក្ដិទៀតទេ គឺច្បាស់ណាស់ដូចពាក្យចាស់ថា "ពីមិត្ដក្លាយជាសត្រូវពុំខាន" ។
៣-របស់ប្រើផ្ទាល់ខ្លួនបង្កបញ្ហា៖ កុំប្រើពាក្យថាមិត្ដភក្ដិជិតស្និទ្ធ ហើយចង់ធ្វើអ្វីក៏បានតាមចិត្ដខ្លួនអោយសោះ។ ការធ្វើបែបនេះមិនយូរមិនឆាប់មិត្ដភក្ដិនឹងប្រែក្លាយជាអាក្រក់វិញ។ ត្រូវចេះគោរពសិទ្ធរបស់របរប្រើប្រាស់ ឬ សូម្បីតែរបស់ហូបចុកក្ដីមិនត្រូវចេះតែប៉ះពាល់ ឬខ្ចីសូម្បីតែកង់ ម៉ូតូ ទូរស័ព្ទ សម្លៀកបំពាក់ កាបូប ឬរបស់ប្រើប្រាស់ផ្សេងៗទៀត។ ការធ្វើរបៀបនេះក្រៅពីជាអំពើមិនល្អហើយនៅជាមនុស្សគ្មានមារយាទទៀតផង។
៤-សេពគប់ជាមួយសង្សារចាស់របស់មិត្ដភក្ដិ៖ តើមិត្ដភក្ដិរបស់អ្នកនឹងកើតអារម្មណ៍យ៉ាងណាបើអ្នកទៅបណ្ដើរអតីតសង្សាររបស់គេ។ ការធ្វើបែបនេះមិនថាអ្នកជាមួយគេជាមិត្ដភក្ដិជិតស្និទ្ធកម្រិតណាក៏ដោយ មិត្ដភាពរបស់អ្នកដែលធ្លាប់តែល្អូកល្អិន និងមានភាពស្មោះត្រង់ចំពោះគ្នាប៉ុណ្ណោះក៏ក្លាយជាល្វីងជូរចត់ និងកើតគំនុំគុំកួនគ្នាទៅថ្ងៃក្រោយដែរ។
៥-និន្ទាក្រោយខ្នង៖ នេះជាបញ្ហាចាំបាច់ត្រូវហាមឃាត់ដាច់ខាតដូចគ្នា។ មានមិត្ដភក្ដិច្រើនណាស់នៅពេលយករឿងរ៉ាវទៅនិយាយបែបនេះបែបនោះនៅពីក្រោយខ្នង ហើយបើគេបានដឹងនោះចង់មិនចង់នឹងកើតការអន់ចិត្ដ។ អ្នកខ្លះទៀតការវាយប្រហារក្រោយខ្នងអាចនឹងកើតបញ្ហាក្រេវក្រោធហើយជម្លោះអាចនឹងផ្ទុះភ្លាមៗក៏មានផងដែរ។ ហេតុនេះឃើញថាការនិយាយដើមមិត្ដភក្ដិចាំបាច់ត្រូវតែហាមឃាត់ដូចគ្នាព្រោះពុំមានប្រយោជន៍ទេ ក្រៅពីគេស្អប់ និងមានគំនុំសងសឹកនៅថ្ងៃណាមួយ៕
ប្រភព៖ Trollkhmer

No comments