Camnews Na

Camnews Na

តើអាជីវកម្មកម្រិតណា ដែលមិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្ម?


ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ការចុះបញ្ជីពាណិជ្ជកម្មគឺជានីតិវិធីនៃការកត់ត្រាព័ត៌មានសហគ្រាស ពាណិជ្ជកម្មមួយនៅក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ ការចុះបញ្ជីពាណិជ្ជកម្មគឺជាកាតព្វកិច្ចដែល កំណត់ដោយច្បាប់។ ក៏ប៉ុន្តែមិនមែនគ្រប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មនោះទេ។ នៅក្នុង អត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់អំពីថាតើអាជីវកម្មកម្រិតណាដែលមិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម?

ជាការពិតណាស់ ពាណិជ្ជកម្មគឺជាសកម្មភាពទិញលក់ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការ ដោះដូរ និង ស្វែងរកចំណេញ។ ដើម្បីឱ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជាមានភាពស្របច្បាប់ រាល់ពាណិជ្ជករ និង ក្រុម ហ៊ុនពាណិជ្ជកម្មទាំងឡាយត្រូវធ្វើការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម លើកលែងតែ ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលស្ថិតក្រោមល័ក្ខខ័ណ្ឌទាំងបីខាងក្រោមនេះគឺមិនតម្រូវឱ្យធ្វើការចុះបញ្ជី ពាណិជ្ជ កម្មនោះឡើយ៖  

ទី១- បុគ្គលដែលមិនមែនជាពាណិជ្ជករ៖ ច្បាប់កំណត់ថារាល់បុគ្គលដែលជាពាណិជ្ជករ ចាំបាច់ត្រូវធ្វើការចុះបញ្ជី ពាណិជ្ជកម្ម។ ក្នុងន័យនេះ បុគ្គលដែលមិនមែនជាពាណិជ្ជករ មិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មឡើយ។ បុគ្គលដែលមិនចាត់ទុកថាជាពាណិជ្ជករមានជាអាទិ៍ ផលិតករ សិប្បករ ឬកសិករទាំងឡាយដែលធ្វើសកម្ម ភាពមានលក្ខណៈជាគ្រួសារ បុគ្គលដែលគ្រាន់តែជួយលក់ទំនិញរបស់សហព័ទ្ធ (ប្តី ឬប្រពន្ធ) ខ្លួនដែលជា ពាណិជ្ជករ និង និយោជិតដែលលក់តែទំនិញរបស់ម្ចាស់សហគ្រាសខ្លួនដែលជាពាណិជ្ជករ។

  ទី២-សកម្មភាពដែលមិនមែនជាពាណិជ្ជកិច្ច៖ ដូចគ្នាផងដែរ រាល់សកម្មភាពទាំងឡាយដែលច្បាប់កំណត់ ថាជាពាណិជ្ជកិច្ច ត្រូវធ្វើការចុះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ នេះមាន័យថា សកម្មភាព ដែលមិនមែនជាពាណិជ្ជកិច្ចមិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មឡើយ។ សកម្មភាព ដែលមិនមែនជា ពាណិជ្ជកិច្ចមានដូចជា៖
- ការផលិតដែលមិនមែនសម្រាប់លក់ទៅវិញ។
- ការផលិតឬសេវាទាំងឡាយដែលមានលក្ខណៈជាគ្រួសារ។
- ការផលិតសិល្បៈសុទ្ធសាធ។
- ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន ឬដោយសមាគមស្របច្បាប់។

ទី៣-ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលមិនជាប់ពន្ធលើប្រាក់ចំណេញ៖
ជាការពិតណាស់ ប្រាក់ចំណេញសំដៅដល់ប្រាក់ដែលទទួលបានមកពីការប្រកបអាជីវកម្មនិងក្រោយពីការដកចេញ នូវការចំណាយ ឬយើងអាចនិយាយម្យ៉ាងទៀតថា ប្រាក់ចំណេញគឺជាវិបាកនៃផលដករវាងចំណូលដុល និង ការចំណាយ។ ក្នុងន័យនេះ ប្រសិនបើចំណូលដុល ឬផលរបររបស់អាជីវកម្មមួយស្ថិននៅក្រោមអត្រាជាប់ពន្ធ នោះអាជីវកម្មនោះជាអាជីវកម្មដែលមិនជាប់ពន្ធលើប្រាក់ចំណេញ ដែលតាមរយៈនេះអាជីវកម្មនោះមិនតម្រូវឱ្យ ធ្វើការចុះបញ្ជីពាណិជ្ជកម្មនោះឡើយ។

គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៦ បានបែងចែកអ្នកជាប់ពន្ធជាបីប្រភេទដោយ ផ្អែកទៅលើទ្រង់ទ្រាយអាជីវកម្ម និង កម្រិតនៃផលរបរ (ចំណូលដុល ឬ ប្រាក់ចំណូលដែលមិនទាន់កាត់កងការ ចំណាយ) របស់ពួកគេគឺ៖ ទី១ អ្នកជាប់ពន្ធតូច (ផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល) ទី២ អ្នកជាប់ពន្ធមធ្យម (ផលរបរប្រចាំឆ្នាំលើសពី ៧០០ លានរៀល ដល់ ៤០០០ លានរៀល) និង ទី៣ អ្នកជាប់ពន្ធធំ (ផលរបរប្រចាំឆ្នាំលើសពី ៤០០០ លានរៀល)។

ផ្អែកទៅលើច្បាប់ខាងលើនេះ អាជីវកម្មដែលមានផលរបរប្រចាំឆ្នាំក្រោម ២៥០ លានរៀល មិនជាប់ពន្ធលើប្រាក់ ចំណេញឡើយ។ ដូច្នេះហើយ អាជីវកម្មនោះរួចផុតពីកាតព្វកិច្ចចុះបញ្ជីពាណិជ្ជកម្ម។ សរុបមក រាល់ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយដែលស្ថិតនៅក្រោមល័ក្ខខ័ណ្ឌទាំងបីខាងលើមិន តម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី មុននឹងប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មទាំងឡាយត្រូវសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត-ក្រុង ដើម្បីបញ្ជាក់ពី ភាពស្របច្បាប់របស់អាជីវកម្មនោះ៕


ប្រភព៖ Bizkhmer