ស្នេហាមួយចង់ទៅមុខបានដោយរលូន ត្រូវមានអីខ្លះ?
តើមានគូស្នេហ៍ណាដែលមិនចង់ឲ្យស្នេហាខ្លួនឯងទៅមុខដោយរលូននោះ? គ្រប់គ្នាតែងតែប្រាថ្នាឲ្យស្នេហាខ្លួនជោគជ័យ ព្រោះពេលដែលបែកបាក់គ្នា វាមានភាពឈឺចាប់ តែលតោល ដូច្នេះហើយបើសិនជាអ្នកចង់ឲ្យស្នេហាមួយទៅមុខដោយរលូននោះគួរតែមាន ៖
១. ពេលវេលា ៖ វេលាគឺជារបស់មួយដែលលុយមិនអាចទិញបាន ហើយស្នេហាដែលល្អគឺអ្នកមានពេលវេលាឲ្យគ្នាទៅវិញទៅមក មិនមែនបង្កើតស្នេហាហើយអ្នកទុកវាចោលនោះទេ។ ពេលវេលាគឺជាភាពកក់ក្ដៅ និង សុភមង្គលមួយដែលមិនអាចយកអ្វីមកជំនួសនោះទេ។
២. ការយល់ចិត្តគ្នា ៖ បើសិនជាគូស្នេហ៍មួយគូមិនអាចយល់ចិត្តគ្នាបាននោះទេ វាគឺលំបាកបំផុតក្នុងការបន្តទៅមុខទៀត ព្រោះវាគ្មានភាពរីករាយ គ្មានសេចក្ដីសុខ ទោះបីជាអ្នកមានពេលវេលាសម្រាប់គ្នាក៏ដោយ។
៣. ការអាណិត ៖ អាណិតស្រឡាញ់ និង អាណិត ត្រូវតែមានជាមួយគ្នា មិនមែនមានតែការស្រឡាញ់ខ្វះអាណិតនោះទេ ព្រោះបើអ្នកខ្វះអារម្មណ៍ណាមួយ ស្នេហារបស់អ្នកអាចនឹងឆាប់ផុយស្រួយ ព្រោះបើអ្នកមានក្ដីអាណិតអ្នកនឹងមិនដាច់ចិត្តធ្វើអ្វីឲ្យគេលំបាកនោះទេ។
៤. ម្ចាស់ការ ៖ អ្នកគួរតែមានម្ចាស់ការចំពោះស្នេហាអ្នក មិនមែនចេះតែធ្វើវាដើម្បីបំពេញចិត្តអ្នកដទៃទេ ស្នេហាគឺសម្រាប់មនុស្ស ២ នាក់ ហេតុអីអ្នកត្រូវស្ដាប់តាមគេ? ហេតុអីអ្នកត្រូវជឿគេទាំងមិនបានឃើញផ្ទាល់ភ្នែក?
៥. ការយកចិត្តទុកដាក់ ៖ ស្នេហាគឺការស្រឡាញ់ ការមើលថែ ការថ្នាក់ថ្នម មិនមែនការធ្វើបានផ្លូវកាយ ឬ ផ្លូវចិត្តនោះទេ ដូច្នេះហើយអ្នកត្រូវចេះបារម្ភពីគ្នា មើលថែរក្សាគ្នា យកចិត្តទុកដាក់ចំពោះគ្នា។
៦. ការតាំងចិត្ត ៖ ការតាំងចិត្តគឺសំខាន់ណាស់ក្នុងទំនាក់ទំនងស្នេហា ព្រោះបើអ្នកគ្មានការតាំងចិត្តនោះទេ ស្នេហានោះនឹងបាត់បង់ទៅវិញ អ្នកត្រូវប្រាកដចិត្តខ្លួនឯងលើស្នេហា ហើយមិនត្រូវឆាប់បោះបង់នោះទេ ព្រោះគ្មានអ្វីបានមកដោយមិនចំណាយចិត្ត ចំណាយកម្លាំងនោះឡើយ។
បើមានប៉ុណ្ណឹងហើយ អាចនិយាយថាអ្នកមានសង្ឃឹមនឹងជោគជ័យច្រើនហើយ ទោះបីជាយើងមិនអាចមើលឃើញពីរឿងនៅថ្ងៃអនាគតក៏ដោយ៕
ប្រភព៖ Kanha
No comments