តើអ្វីទៅជាការចុះបញ្ជីពាណិជ្ជកម្ម ហើយវាផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះ?
ការចុះបញ្ជីពាណិជ្ជកម្ម គឺជានីតិវិធីនៃការកត់ត្រាព័ត៌មានរបស់សហគ្រាសពាណិជ្ជកម្មណាមួយក្នុងបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ឬន័យម្យ៉ាងទៀតថា គឺជាការដាក់ឈ្មោះអាជីវកម្មក្នុងបញ្ជីក្រុមហ៊ុនរបស់រដ្ឋាភិបាលក្នុង ប្រទេសកម្ពុជា។
តាមរយៈការចុះបញ្ជីពាណិជ្ជកម្មនេះ
អ្នកបានផ្លាស់ប្តូរស្ថានភាពអាជីវកម្មរបស់អ្នកពី “ក្រៅផ្លូវការ”
ទៅជា “ផ្លូវការ”។
ពាក្យទាំងពីរនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ “ផ្លូវការ”
មានន័យថា អាជីវកម្មរបស់អ្នកត្រូវបានប្រកាស ស្របច្បាប់
និងទទួលស្គាល់ដោយស្ថាប័ននៃប្រទេសកម្ពុជា។
ជាក់ស្តែង
អ្នកនឹងត្រូវផ្តល់ពត៌មានមួយចំនួនអំពីអាជីវកម្មរបស់អ្នកដើម្បីទទួលបានវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
ដែលជាឯកសារផ្លូវការក្នុងការអះអាងថាអាជីវកម្មរបស់អ្នកគឺផ្លូវការ
ឬស្របច្បាប់។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗនៃការចុះបញ្ជីពាណិជ្ជកម្ម៖
• បង្កភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទាន៖ ធនាគារ
និងវិនិយោគិនមានភាពជឿជាក់ក្នុងការ ផ្តល់ហិរញ្ញប្បទាន
ចំពោះក្រុមហ៊ុនដែលចុះឈ្មោះជាងក្រុមហ៊ុនដែលមិនបានចុះបញ្ជី។
• សិទ្ធចូលក្នុងទីផ្សារធំៗ៖ អ្នកអាចទទួលបានអតិថិជនច្រើន
បង្កើតភាពជាដៃគូរជាមួយក្រុមហ៊ុនដទៃ និង ពង្រីកអាជីវកម្មរបស់អ្នក។
ឧទាហរណ៍ ក្រុមហ៊ុនមួយចំនួនសហការ និងចុះកិច្ចសន្យាជា មួយក្រុមហ៊ុន
ដៃគូរណាដែលបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ។
• ការគាំពារតាមផ្លូវច្បាប់៖
ប្រសិនបើអ្នកចុះឈ្មោះក្រុមហ៊ុនរបស់អ្នក
អាជីវកម្មរបស់អ្នកនឹងទទួលការការពារ
ហើយអ្នកនឹងមិនទទួលខុសត្រូវតែឯងឡើយ នៅពេលអាជីវកម្មរងការខូចខាត។
• បង្កើនសក្តានុពលនៃការលក់ក្រុមហ៊ុន៖
ប្រសិនបើឬនៅពេលអ្នកសម្រេចចិត្តលក់ក្រុមហ៊ុនរបស់អ្នក
ការចុះឈ្មោះក្រុមហ៊ុនអាចជួយសម្រួលនីតិវិធីនៃការលក់និងអាចជួយបង្កើនតម្លៃនៃក្រុមហ៊ុនរបស់អ្នក។
• ការការពារឈ្មោះនិងយីហោ៖
ឈ្មោះនិងយីហោក្រុមហ៊ុនរបស់អ្នកនឹងត្រូវបានការពារ
ប្រសិនបើក្រុមហ៊ុន របស់អ្នកត្រូវបានចុះឈ្មោះរួច។
• ការបង្កើតគណនេយ្យធនាគាររបស់ក្រុមហ៊ុន៖
ក្រុមហ៊ុនដែលចុះឈ្មោះមានភាពងាយស្រួលក្នុងការបំបែក
ហិរញ្ញវត្ថុក្រុមហ៊ុននិងផ្ទាល់ខ្លួន។
អត្ថបទ៖ Bizkhmer
ប្រភព៖ ក្រសួងពាណិជ្ជកម្ម
No comments